sh bet

សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅប្រុសក្នុងការប្រឡងកម្រិតសកលនៅឌូបៃ

ភ្នំពេញ៖🌳 នៅក្នុងការបង្ហោះសារជាសាធារណៈតាមបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវមោទកភាព និងសប្បាយរីករាយយ៉ាងក្រៃលែង ដោយមានប្រសាសន៍ថា «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេតែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ»។ នេះបើតាមការលើកឡើងរបស់សម្តេចតជោនៅព្រឹក ទាបភ្លឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន និងឧត្តមភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានញញឹម​ពេល​មើល​រូបថត​ចៅ​ប្រុស​របស់​សម្តេចទាំងទ្វេរដែលបានប្រឡង​នៅ​ប្រទេសឌូបៃ។ មោទកភាព​របស់​សម្តេចកាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ដឹង​ថា​ចៅ​ប្រុស​របស់​សម្តេចបានឈ្នះ​បាន​មេដាយ​ចំនួនពីរគ្រឿង ដោយមួយ​គ្រឿងសម្រាប់​គណិតវិទ្យា និង​មួយគ្រឿង​ទៀត​សម្រាប់​ភាសា​អង់គ្លេស។ គួរកត់សម្គាល់ថា ថ្វីត្បិតតែកំពុងនៅរៀនថ្នាក់មត្តេយ្យសិក្សាក៏ដោយ ក៏កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធីសិទ្ធ Hun Pich Mony Rithyseth បានប្រកួតប្រជែងក្នុងកម្រិតសកល ទាំងគណិតវិទ្យាថ្នាក់ទីមួយ និងភាសាអង់គ្លេស ជាមួយសិស្សមកពីប្រទេសផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានចូលរួមអបអរសាទរផងដែរ ចំពោះស្នាដៃរបស់កុមារកម្ពុជា ដែលបានចូលរួមក្នុងការប្រឡងនៅទីក្រុងឌូបៃ នៅទូទាំងថ្នាក់ និងកម្រិតផ្សេងៗគ្នា។ សម្តេច​បាន​កត់​សម្គាល់​ថា​ស្នាដៃ​ទាំង​នេះ​បង្ហាញ​ថា​កុមារកម្ពុជា​ស្ថិត​ក្នុង​ចំណោម​សិស្ស​ឆ្នើម​ក្នុង​ប្រទេស​ដែល​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​លើ​ឆាក​ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរចំពោះមាតាបិតា និងអាណាព្យាបាលទាំងអស់ដែលបានគាំទ្រដល់សមិទ្ធផលវ័យក្មេងទាំងនេះ៕